Saturday, April 5, 2008

**សន្តានចិត្តរបស់មិត្តខ្ញុំ**


​​​ស្រីណែតគឺជាកូនស្រីម្នាក់ដែលរស់នៅជាមួយគ្រួសារមួយដែលមានតែម្តាយតែឥត
ឪពុកហើយមានជីវភាពយ៉ាងលំបាកលំប៉ិនរកព្រឹកខ្វះល្ងាចថ្ងៃខ្លះសឹងតែអត់បានហូបផងក៏មាន។
ស្រីណែតមានបងប្អូនចំនួនបីនាក់គឺស្រីពីរប្រុសមួយហើយនាងគឺជាកូនច្បងនៅក្នុងគ្រូសារ
ព្រមទាំងមានបន្ទុកជួយរ៉ាបរងរាល់ការងារទាំងអស់នៅក្នុងគ្រួសាររបស់នាង។ពីមួយថ្ងៃទៅមួយថ្ងៃ
នាងរៀនបន្តើរជួយធ្វើការងារម្តាយបន្តើរ។តែដោយសារស្ថានភាពក្នុងគ្រួសារមានភាពលំបាកពេក
ស្រីណែតបានឈប់រៀនដើម្បីជួយធ្វើការម្តាយ។​ថ្ងៃមួយម្តាយរបស់នាងមានជំងឺជាទំងន់ដែលមិន
អាចព្យាបាលបាន។ដោយសារតែភាពក្រីក្រនេះដែលធ្វើអោយគាត់បង្ខំចិត្តលាក់ពីស្ថានភាពជំងឺរបស់
គាត់នឹងកូនរបស់គាត់ព្រោះខ្លាចខ្លួនជាអ្នកធ្វើបាបកូនទើបស៊ូទ្រាំលាក់វាទុក។
តែការពិតវាពិតជាមិនអាចលាក់បានយូរយារទេ។ថ្ងៃនេះស្រីណែតអង្គុយនិយាយជាមួយម្តាយ
ពីនេះពីនោះបន្តិចក្រោយមកនាងបានក្រោកដើរទៅផ្ទះបាយដើម្បីចំអិនអាហារជូនម្តាយរបស់នាង។
តែនាងក្រោកទៅមិនបានយូរប៉ុន្មានផងស្រាប់តែនាងបានលឺសំលេងអ្វីមួយយ៉ាងខ្លាំង។នាងក៏ប្រ
ញាប់មកមើលស្មានតែម្តាយរបស់ខ្លួនបានធ្វើអោយរបស់អ្វីមួយធ្លាក់។តែពេលដែលនាងមកដល់
ភ្លាមទឹកភ្នែកនាងបានហូរធ្លាក់រមៀលលើផែនថ្ពាល់ទាំងសងរបស់នាងដូចជាទឹកភ្លៀង
ដែលកំពុងតែធ្លាក់មកជាខ្លាំងអញ្ចឹងដែរ។ដោយបានឃើញម្តាយរបស់ខ្លួនដេកយ៉ាងស្តូកស្តឹង
នៅនឹងរនាបផ្ទះ។ពេលដែលនាងបានឃើញដូច្នេះនាងបានស្រែកហៅអោយអ្នកជិតខាងគេមក
ជួយប៉ុន្តែបែរជាគ្មាននរណាម្នាក់មកជួយយកអាសារដល់គ្រួសារនាងសោះ។ស្របពេលនោះខ្ញុំបាន
ដើរមកដល់មុខផ្ទះរបស់នាងល្មម។ដោយនឹងឆ្ងល់ហេតុអីបានជានាងយំខ្លាំងម្ល៉េះទើបខ្ញុំឡើងដោយ
គ្មានការអនុញ្ញាតពីម្ចាសផ្ទះ។បន្ទាប់ពីខ្ញុំបានទ្បើងទៅដល់លើផ្ទះហើយធ្វើអោយខ្ញុំទប់ទឹក
ភ្នែកមិនបានព្រោះបានឃើញមិត្តសំឡាញ់របស់ខ្លួនកំពុងស្រែកយំយ៉ាងខ្លាំងព្រម
ទាំងអោបម្តាយដែលកំពុងដេកលើរនាបផ្ទះយ៉ាងអានោចអាធម៍។ដោយបានឃើញដូច្នេះខ្ញុំក៏ប្រញ៉ប់សួរទៅស្រីណែត
ទាំងទឹកភ្នែកខ្លួនដែលកំពុងហូរដូចស្រីណែតដែរ៖
ណែតតើមានរឿងអីកើតឡើងទៅណែត?ភា!ម៉ែ​ម៉ែ!គ្នាគាត់មិនដឹងជាកើតអីទេ?

ពេលដែលខ្ញុំបានដើរចូលផ្ទះបាយស្រាប់តែគាត់កើតជាអញ្ចឹងឯង។តើឯងមានបានដឹងថាគាត់មាន
ផ្ទុកជំងឺអីដែររឺទេ?​ទេ!ភា​ខ្ញុំមិនដែលបានដឹងទេព្រោះគាត់មិនដែលប្រាប់គ្នាផងហ្នឹង។
ណ្ហើយយើងទាំងពីរនាក់ឈប់យំទៅគួរតែនាំគាត់ទៅមន្ទីរពេទ្យទៅទើបវាល្អជាងយើងទាំងពីរ
នៅតែយំណា។ស្រីណែតក៏បានងក់ក្បាលនឹងខ្្ញុំដូចជាលួចលាក់នឹងខ្ញុំរឿងអ្វីមួយអញ្ចឹង។
ប៉ុន្តែទោះជានាងមិនប្រាប់ខ្ញុំក៏ខ្្ញុំដឹងថានាងលាក់រឿងអ្វីមួយនឹងខ្ញុំបាត់ទៅហើយ។
ក្រោយពីបានគិតក្នុងចិត្តអំពីរឿងនោះរួចខ្ញុំបានប្រាប់ទៅស្រីណែតអោយឈប់យំហើយឈប់
ព្រួយបារម្ភពីរឿងអ្វីៗទៀតទៅព្រោះអ្វីៗនឹងល្អប្រសើរឡើងវិញហើយ។ទេអ្វីៗមិនមែនដូចជាការដែល
ខ្ញុំបាននិយាយនោះទេ។ពីរបីនាទីក្រោយមកពួកយើងក៏បានមកដល់មន្ទីរពេទ្យដែលនៅជិតផ្ទះរបស់
នាង។ពេលមកដល់មន្ទីរពេទ្យគ្រូពេទ្យក៏ប្រញាប់ប្រញាលសង្រ្គោះជាបន្ទាន់។តែដោយសារតែ
ជំងឺរបស់គាត់ធ្ងន់ពេកបូកទាំងការបញ្ជូនអ្នកជំងឺមកយឺតពេលទៀតនោះម្តាយរបស់នាងបាន
លាចាកហើយទៅ។ឆ្លៀតពេលដែលលោកគ្រូពេទ្យមិនទាន់អញ្ជើញចេញមកខ្ញុំបានសំលឹងទៅ
ស្រីណែត​ស្រីណែតហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនសោះ។រំពេចនោះខ្ញុំបានហៅនាងប៉ុន្តែនាង
មិនបានលឺពាក្យដែលខ្ញុំបានហៅនាងទេ។នាងរឹតតែខ្សោយៗទៅធ្្វើអោយខ្ញុំភ័យព្រមយំយ៉ាងខ្លាំង។
ស្រីណែតឯងកុំបំភ័យគ្នាណា!ហេតុអីបានឯងមិនឆ្លើយនឹងគ្នាអញ្ចឹង។បន្តិចក្រោយមកលោក
គ្រូពេទ្យក៏អញ្ជើញចេញពីបន្ទាប់សង្រ្គោះល្មមថែមទាំងបន្លឺសំលេងមកកាន់ខ្ញុំនិងស្រីណែត។
ស្រីណែតក្រោយពីបានលឺសំលេងរបស់លោកគ្រូពេទ្យនាងហាក់ដូចជាមានប្រលឹងប្រលះ
ឡើងវិញ។ស្រីណែតសួរទៅលោកគ្រូពេទ្យពីអការៈម្តាយរបស់នាង។
លោកគ្រូពេទ្យម្តាយរបស់នាងខ្ញុំគាត់យ៉ាងម៉េចហើយលោកគ្រូពេទ្យ?
ស្រីណែតបានសួរទៅគាត់ពីដងទើបគាត់ផ្តល់ចំលើយអោយ។
អោយខ្ញុំសូមទៅទោសក្មួយទាំងពីរផងដោយខ្ញុំគ្មានលទ្ធភាពនឹងជួយម្តាយរបស់ក្មួយបាន។
គាត់បានលាចាកលោកបាត់ហើយអម្បាញ់មិញនេះឯងដោយសារតែគាត់បានដាច់សរសៃខួរក្បាលបូករួម
ទាំងការបញ្ជូនមកយឺតពេល។អោយខ្ញុំសូមទោសក្មួយទាំងពីរផង។
ក្រោយពីបានស្តាប់ប្រសាសន៍របស់លោកគ្រូពេទ្យចប់ខ្ញុំហើយនិងស្រីណែតបានយំអោប

គ្នាហើយរត់ចូលទៅមើលម្តាយរបស់ស្រីណែតទាំងចិត្តសោកស្តាយបំផុត។
ស្រីណែតក្រោយពីបានចូលទៅដល់សពម្តាយហើយក៏ស្រែកយំយ៉ាងខ្លាំង៖
ម៉ែ!ម៉ែ!​ម៉ែមិនអីទេមែនទេ?​ម៉ែពិតជាមិនអីទេណាម៉ែ។ម៉ែ!ម៉ែដឹងខ្លួនឡើងមកម៉ែយើងត្រឡប់ទៅផ្ទះរបស់
យើងវិញណាម៉ែ។ម៉ែ!​ម៉ែមានលឺកូនហៅម៉ែទេ?​ម៉ែហេតុអីក៏ម៉ែមិនតបនឹងកូនអញ្ចឹងម៉ែ?​ម៉ែ!ម៉ែក្រោកឡើងមកម៉ែ
យើងទៅរស់នៅជួបជុំគ្នាវិញណាម៉ែ។​ម៉ែអើយម៉ែ!​ម៉ែពិតជាដាច់ចិត្តទៅចោលពួកកូនមែនរឺម៉ែ?
តើអោយពួកកូនរស់នៅយ៉ាងណាទៅម៉ែអើយ?
ដោយឃើញស្រីណែតដូច្នេះខ្ញុំនឹកអានិតស្រីណែតខ្លាំងណាស់រួចខ្ញុំក៏បាននិយាយនែនាំស្រីណែត

ទាំងទឹកភ្នែកខ្ញុំកំពុងហូដូចស្រីណែតដែរ៖
បានហើយស្រីណែតឈប់យំទៅណាមនុស្សស្លាប់ហើយមិនអាចរស់ឡើងវិញឡើយ។

នេះជារឿងធម្មតាទៅហើយសំរាប់មនុស្សយើង។
ហើយខ្ញុំចង់អោយឯងគិតថានេះវារឿងធម្មតាដែលមនុស្សៗមិនអាចគេចផុតបានដែរណា។

ខ្្ញុំដឹងពីអារម្មណ៍របស់ឯងហើយតែយើងត្រូវកាត់ចិត្តដើម្បីរស់ទៅថ្ងៃអនាគតទៀតនោះអី។

លោកអ៊ំគាត់បានទៅដោយសុខសាន្តហើយក៏មិនចង់ឃើញកូន
មានសេចក្តីលំបាកដោយសារខ្លួនទៀតឡើយ។ដូច្នេះឯងគួរតែកុំធ្វើអោយគាត់ពិបាកចិត្តអីល្អជាង។

ស្រីណែតឈប់យំទៅ។ក្រោយពីបានស្តាប់សំដីរបស់ខ្ញុំរួចស្រីណែតបានជូតទឹកភ្នែកដែរកំពុងតែហូររួច

ងាកមករកខ្ញុំ។ភាគ្នាសូមអរគុណឯងច្រើនហើយ។ហើយគ្នាមិនដឹងថាជាតិណាទើបគ្នាសងគុណឯងអស់

នោះទេណាភា។អើ!បើចង់សងគុណគ្នានោះជូតទឹកភ្នែកទៅហើយយកសពម្តាយរបស់អាណែតឯងត្រ
ឡប់ទៅផ្ទះវិញដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីណាអាណែត។ស្រីណែតរៀងហ្្អេះអុញដឹង
សំដីរបស់ខ្ញុំរួចនិយាយយ៉ាងរអាក់រអួលស្ទើរតែស្តាប់មិនបានទល់តែសោះ។នែ!នែគ្នា!
ក្រោយពីបានស្តាប់ស្រីណែតនិយាយយ៉ាងរអាក់រអួលដូច្នេះខ្ញុំក៏បាននិយាយកាត់សំដីគេតែម្តង។
ស្រីណែតកុំបារម្ភអីពីរឿងលុយកាក់នោះចាំភាជាអ្នកចេញអោយទាំងអស់។
បន្ទាប់ពីយើងបាននិយាយគ្នារួចពួកយើងបាននាំសពម្តាយរបស់ស្រីណែតមកដល់ផ្ទះហើយក៏រៀប
ចំធ្វើពិធីបុណ្យសពក្នុងពេលជាមួយគ្នាតែម្តង។ក្រោយពីបានបញ្ចប់ពិធីបុណ្យសពរួចខ្ញុំបាន
និមន្តលោកសង្ឃសូត្រមន្តឧទ្ទិសកុសលអោយដល់ម្តាយរបស់ស្រីណែតដើម្បីអោយគាតបានចាប់ជាតិនឹងគេ។
ក្រោយពីពិធីនេះបានបញ្ចប់មួយទៀតខ្ញុំបាននិយាយទៅកាន់ស្រីណែតទៀតថា
តើឯងគិតយ៉ាងម៉េចទៅថ្ងៃអនាគត?ស្រីណែតក្រវីក្បាលជាសញ្ញាថា៖
ភាខ្ញុំមិនទាន់ដឹងនៅឡើយទេថានឹងត្រូវធ្វើអ្វីទៅថ្ងៃអនាគតនោះ។ខ្ញុំគិតថានឹងទៅធ្វើការនៅភោជនីយ
ដ្ឋានដើម្បីរកប្រាក់អោយប្អូនទាំងពីរបស់ខ្ញុំបានរៀនសូត្រចេះដឹងនឹងគេកុំអោយល្ងង់ដូចខ្ញុំទៀត។
មិនបានទេអាណែត!ឯងគួរតែគិតមើលសិនទៅ។ខ្លួនឯងជាស្រីវាជាការលំបាកណាស់ណា។
លំបាកយ៉ាងម៉េចទៅភា?តាមការពិតខ្ញុំមិនមែនមើលងាយការងារនោះទេតែខ្ញុំយល់ថាការ
ងារនៅក្នុងភោជនីយដ្ឋានវាហាក់ដូចជាមិនស្រួលទេសំរាប់ស្រីដូចអាណែតឯងនេះ។
ហេតុអីបានឯងនិយាយអញ្ចឹងហ្អាភា?ការងារទាំងអស់សុទ្ធតែមានតំលៃណាស់ភា។
ភាបានយល់ពីរឿងនោះមកជាយូរហើយដែរ។តែឯងមិនដែលបានស្តាប់វិទ្យុទេរឺ?​ពួកអ្នកមាន
មិនបានទេណាអោយតែឃើញស្រីស្អាតណាអាណែត។
ចុះអោយគ្នាទៅរកការងារឯណាបានធ្វើដើម្បីចិញ្ចឹមប្អូនគ្នាទៅភា។
ឯងមិនបាច់ភ័យខ្លាចទេរឿងហ្នឹងខ្ញុំបានគិតគូរជាមួយគ្រួសាររបស់ខ្ញុំហើយហើយពួកគាត់
ក៏យល់ព្រមទទួលឯងនឹងប្អូនរបស់ឯងទៅរស់នៅជាមួយពួកខ្្ញុំដែរណា។ឯងកុំបារម្ភអី។
តែគ្នា!!ថាមិនបាច់បារម្ភទេ។តែគ្នារអៀសខ្លួនណាស់ណាភា។
ដែរទៅរស់នៅជ្រកកោនឯផ្ទះភានោះ។មិនបាច់រអៀសខ្លួនអីទេយើងសុទ្ធសឹងជាមិត្តនឹងគ្នាទេ
តើ?គ្រួសាររបស់គ្នាក៏ដូចជាគ្រួសាររបស់អាណែតឯងដែរណា។ភាគ្នាសូមអរគុណឯងហើយនូវ
សន្តានចិត្តរបស់ឯងណាភា។អើ!មិនអីទេ។តោះឆាប់រៀបចំឥវ៉ានទៅយប់ជ្រៅឥឡូវហើយណា។
ប្រញាប់បន្តិចណាព្រោះម្តាយឪពុកគ្នាគាត់កំពុងអង្គុយចាំមើលផ្លូវហើយណាអាណែត។បន្តិតក្រោយមក
ពួកយើងបានមកដល់ផ្ទះខ្ញុំហើយខ្ញុំក៏បាននែនាំអាណែតអោយម្តាយឪពុករបស់ខ្្ញុំបានស្គាល់។
ម៉ាក់ប៉ានេះគឺអាណែតដែលកូនបាននិយាយជាមួយម៉ាក់និងប៉ាថ្ងៃមុននោះអី។
ស្រីណែតក្រោយពីខ្ញុំបាននែនាំរួចនាងបានរំកិលខ្លួនយ៉ាងសមសួនសមជាស្រីខ្មែរពិតៗទៅ
សំពះលោកឪពុកនិងអ្នកម្តាយរបស់ខ្ញុំហើយថ្លែងអំនរគុណដល់លោកទាំងពីរចំពោះសន្តានចិត្តដ៏ល្អរបស់គាត់។
ម្តាយឪពុករបស់ខ្ញុំស្រឡាញ់ពេញចិត្តនឹងបងប្អូនអាណែតខ្លាំងណាស់ដោយបានឃើញនាងជាក្មេង

ស្រីប្រកបដោយសុជីវធម៌សមជាកូនខ្មែរពិតណាស់។

ចាប់ពីពេលនោះមកអាណែតនិងក្រុមគ្រួសាររបស់ខ្ញុំបានរស់នៅ
ជាមួយគ្នាយ៉ាងសុខសាន្ត។

វាចារបស់អ្នកសរសេរ៖រឿងនេះមិនមែនជារឿងពិតរបស់នរណាម្នាក់តែវាជាដែលផុសចេញ
ពីមនោគតិផ្ទាល់របស់ខ្ញុំ។ហើយរឿងដែលខ្ញុំបានសរសេរនិងរាល់ការបកស្រាយខាង
លើនេះសុទ្ធតែបានបង្ហាញនូវតំលៃវិជ្ចមានដល់អ្នកអានហើយក៏មានពាក្យពេចន៍រិះគន់
លើបញ្ហាមួយចំនួនផងដែរ។បើខុសឆ្គងត្រង់ណាសូមអ្នកដែលបានអានមេត្តាកែតំរូវ
អោយនាងខ្ញុំផង។នាងខ្ញុំរងចាំការរិះគន់ពីសំនាក់អ្នកដែលបានអានរឿងនេះ
ទាំងអស់។

No comments: